ដោយទទួលស្គាល់ពីតម្រូវការក្នុងការលើកកម្ពស់ការថែរក្សាបរិស្ថានក្នុងចំណោមសិស្សានុសិស្សកម្ពុជា ក្រុមហ៊ុនយ៉ាំងអេកូ (Young Eco) ក្រោម គម្រោងរេដបូក កែវសីមា I Keo Seima REDD+ នៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ដែលហៅកាត់ថា WCS Cambodia និងសហការដោយ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី មន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានចាប់ផ្តើមគម្រោងសាលាមេត្រីបរិស្ថានដំបូងគេក្នុងដែនជម្រកសត្វព្រៃកែវសីមា ដើម្បីប្រែក្លាយសាលារៀនទៅជាគ្រឹះស្ថានសិក្សាបៃតង។
ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដីទំហំ ៣១៧.៤៥៦ហិកតា (យោងតាមអនុក្រឹត្យប្រព័ន្ធតំបន់ការពារធម្មជាតិ ឆ្នាំ២០២៣) មានទីតាំងស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ភាគខាងកើតនៃប្រទេសកម្ពុជា។ ទីនេះជាទីតាំងមួយដ៏សំខាន់សម្រាប់ជីវចម្រុះ និងសហគមន៍ជនជាតិដើមភាគតិចព្នង ដែលមានជីវភាពរស់នៅ ជំនឿ វប្បធម៌ ប្រពៃណីផ្សាភ្ជាប់ជាមួយនឹងធនធានធម្មជាតិដ៏សំបូរបែបនៅក្នុងតំបន់។ លើសពីនេះ ដែនជម្រកសត្វព្រៃកែវសីមា ជាជម្រករបស់សត្វព្រៃជាង ១.០០០ប្រភេទ រួមមានប្រភេទសត្វកម្រៗ និងជិតផុតពូជដូចជា សត្វស្វាកន្ទុយស ដំរីអាស៊ី ក្ងោកបៃតង និងប្រភេទងាយរងគ្រោះជាច្រើនទៀតដូចជា ទោចថ្ពាល់លឿង ស្វាត្រោស ដែលត្រូវបានចាត់ថ្នាក់នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
តាមរយៈការរួមបញ្ចូលការអប់រំបរិស្ថានទៅក្នុងកម្មវិធីសិក្សារបស់សាលា ការបង្កើតសម្ភារអប់រំដែលទាក់ទាញ និងពង្រឹងសមត្ថភាពគ្រូបង្រៀន “គម្រោងសាលាមេត្រីបរិស្ថាន” មានគោលបំណងបណ្តុះអ្នកជំនាន់ថ្មីដែលស្រលាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ដំណើរការជ្រើសរើសយ៉ាងម៉ត់ចត់បានកំណត់សាលារៀនចំនួនប្រាំបួនដែលស្របតាមស្តង់ដារសាលាមេត្រីបរិស្ថានជាតិ និងអន្តរជាតិ។ តាមរយៈការពិគ្រោះយោបល់ជាមួយនាយកសាលា និងលោកគ្រូ អ្នកគ្រូ អង្គការគាំទ្រគម្រោង ក្រុមហ៊ុនយ៉ាំងអេកូ (Young Eco) បានចង្អុលបង្ហាញពីគម្លាតចំណេះដឹងបរិស្ថាន និងកង្វះធនធានក្នុងការអនុវត្តសកម្មភាពបរិស្ថាននៅតំបន់គោលដៅ។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ប្រធានបទបរិស្ថានស្នូលត្រូវបានកំណត់រួមមានព្រៃឈើ ជីវចម្រុះ សត្វព្រៃ និងការគ្រប់គ្រងសំណល់ ដើម្បីផលិតបានជាមេរៀនបរិស្ថាន និងសកម្មភាពមួយចំនួនក្នុងគោលបំណងចែកចាយចំណេះដឹងបរិស្ថាន និងជំនាញសំខាន់ៗដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
ដើម្បីឱ្យគ្រូបង្រៀនមានឧបករណ៍ចាំបាច់ និងទំនុកចិត្តក្នុងការចែកចាយមេរៀនបរិស្ថានប្រកបដោយប្រសិទ្ធភាព ក្រុមហ៊ុនយ៉ាំងអេកូ (Young Eco) បានបង្កើតវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើប្រធានបទបរិស្ថាន និងជំនាញទន់ជាច្រើន។ សាលាដែលចូលរួមនីមួយៗបានទទួលមូលនិធិចំនួនពីរសម្រាប់គាំទ្រសកម្មភាពក្លឹបបៃតង (Eco Club Activities) និងកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង (Green Infrastructure Development) ដែលគាំទ្រដល់ការអនុវត្ត “គម្រោងសាលាមេត្រីបរិស្ថាន” និងបង្កើនការអនុវត្តសកម្មភាពបរិស្ថាននៅក្នុងសាលារៀន និងសហគមន៍ផងដែរ។
ជើងឯកសិស្សក្លឹបបៃតងកម្រិតបឋមសិក្សា
ចំណុចសំខាន់នៃសកម្មភាពប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតងនេះគឺ សិស្សានុសិស្សវ័យក្មេងដែលបានទទួលយកតួនាទីជាអ្នកថែរក្សាបរិស្ថានដោយភាពរីករាយ។ គ្រូបង្គោល និងសិស្សានុសិស្សនៃសាលាបឋមសិក្សាស្រែអ៊ី និងសាលាបឋមសិក្សាពូត្រុំថ្មី បានសង្កេតឃើញការកើនឡើងនៃការយល់ដឹងអំពីបរិស្ថានក្នុងចំណោមសិស្ស និងមិត្តរួមសាលារបស់ពួកគេ។
សិស្សានុសិស្សថ្នាក់ទី៦នៃសាលាបឋមសិក្សាស្រែអ៊ីរួមមាន ម៉ុន ខ្លូត, ស្រា សាវិន, ណាក់ ខ្វាត់ និងធិ ទេត បានក្លាយជាជើងឯកសិស្សក្លឹបបៃតងដែលស្រលាញ់ និងគាំទ្រការអភិរក្សសត្វព្រៃ។ ពួកគេបានចែករំលែកពីចំណុចពិសេសមួយរបស់គម្រោងសាលាមេត្រីបរិស្ថានគឺ បញ្ចូលគ្នានូវការអប់រំបរិស្ថានជាមួយនឹងការកម្សាន្ត។
"មេរៀនក្លឹបបៃតងមានភាពសប្បាយរីករាយ និងងាយស្រួលយល់ លើកលែងតែមេរៀនស្ថានប្រព័ន្ធដែលមានភាពស្មុគស្មាញបន្ដិច"
ការសកម្មភាពអនុវត្តដោយផ្ទាល់ដៃដូចជាការគ្រប់គ្រងកាកសំណល់បានផ្លាស់ប្តូរបរិយាកាសពីការរៀនក្នុងថ្នាក់ទៅជាសកម្មភាពជាក់ស្តែងដ៏គួរឱ្យចាប់អារម្មណ៍ការប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតងនៃសាលាបឋមសិក្សាស្រែអ៊ី។
ជើងឯកសិស្សក្លឹបបៃតងទាំង៤រូបនៃសាលាបឋមសិក្សាស្រែអ៊ី
សោភ័ណ្ឌ សុវណ្ណតារា និងពន្លក ណារាជ ជាសិស្សថ្នាក់ទី៦ក នៅសាលាបឋមសិក្សាពូត្រុំថ្មីដែលទើបនឹងត្រូវបានជ្រើសរើសក្នុងឆ្នាំ២០២៤នេះ។ ការចូលរួមរបស់ពួកគេនៅក្នុងការប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតងបានបង្ហាញពីភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តរបស់ពួកគេ ខណៈដែលពួកគេបានគូរផ្ទះក្នុងក្តីស្រមៃរបស់ពួកគេដែលហ៊ុំព័ទ្ធដោយព្រៃឈើខៀវស្រងាត់ ហើយពួកគេបានចែករំលែកជាមួយមិត្តភ័ក្តិជាច្រើនរបស់ពួកគេថា
“យើងស្រឡាញ់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនេះ
សកម្មភាពប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតងនៃសាលាបឋមសិក្សាពូត្រុំថ្មី
ដូចគ្នានេះដែរសាលាបឋមសិក្សាពូតាំង សាលាបឋមសិក្សាពូហ្យាម សាលាបឋមសិក្សាពូឡា និងសាលាបឋមសិក្សាពូជូ បានបង្កើតក្រុមអ្នកដឹកនាំវ័យក្មេងដែលកំពុងផ្លាស់ប្តូរបរិយាកាសសាលារៀនយ៉ាងសកម្ម។
វណ្ណី សុផាន់ម៉ៃណា និង ត្រេ ស្រីណែតជាសិស្សថ្នាក់ទី៦នៃសាលាបឋមសិក្សាពូតាំងដែលចូលរួមក្លឹបបៃតងដោយសារមានការបំផុសគំនិតស្រលាញ់ និងចង់ការពារសត្វព្រៃ ហើយពួកគេធ្លាប់បានឃើញសត្វដំរីដោយផ្ទាល់ភ្នែកទៀតផង។
សកម្មភាពប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតងនៃសាលាបឋមសិក្សាពូតាំង
សឿន បារាំង និង ដាំ សុវណ្ណារិទ្ធ ជាសិស្សនៃសាលាបឋមសិក្សាពូហ្យាម បានបង្ហាញភាពធន់ និងការប្តេជ្ញាចិត្តក្នុងការស្វែងយល់បន្ថែមពីបរិស្ថាន។ ក្នុងការប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតង ពួកគេបានគូរអំពីផ្ទះក្នុងក្តីស្រមៃរបស់គេស្ថិតនៅចំកណ្តាលព្រៃដ៏រស់រវើក។ ពួកគេលើកឡើងថា
“ការពិតនៅជុំវិញផ្ទះរបស់យើងមិនទាន់មានទេសភាពស្រស់ស្អាតដូចក្នុងគំនូរនៅឡើយទេ ប៉ុន្តែនោះហើយជាមូលហេតុដែលពួកយើងចង់បង្កើនការយល់ដឹងពីការថែរក្សាព្រៃឈើ និងសត្វព្រៃរបស់យើង!”
សកម្មភាពប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតងនៃសាលាបឋមសិក្សាពូហ្យាម
សិស្សបីក្រុមមកពីសាលាបឋមសិក្សាអូរអាម ជាឧទាហរណ៍នៃការផ្លាស់ប្តូរនេះ។ បន្ថែមពីការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតង ពួកគេបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការរក្សាបរិស្ថានស្អាត និងបៃតងថា៖
“យើងមិនធុញទ្រាញ់នឹងការជួយរក្សាសាលារៀនឱ្យស្អាតទេ”
សកម្មភាពប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតងនៃសាលាបឋមសិក្សាអូរអាម
ចំណែកសិស្សនៃសាលាបឋមសិក្សាពូជូ តាក់ សុភា និង ឡុង ស្រីណែត បានបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគេចំពោះការគ្រប់គ្រងកាកសំណល់ និងការអភិរក្សជីវៈចម្រុះបានធ្វើជាគំរូដល់មិត្តភ័ក្តិរបស់ពួកគេ។
សកម្មភាពប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតងនៃសាលាបឋមសិក្សាពូជូ
ឃ្វាន សុយា និងវណ្ណៈ វណ្ណេតជាសិស្សនៃសាលាបឋមសិក្សាពូឡាបានផ្តួចផ្តើមគំនិតក្នុងការប្រែក្លាយសា លារៀនរបស់ពួកគេទៅជាសាលាគំរូប្រកបដោយនិរន្តរភាព។
“ពួកយើងរីករាយណាស់ដែលបានរៀនអំពីការធ្វើជីកំប៉ុស ការបង្កើតសួនជីវចម្រុះ និងការគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ”
សកម្មភាពប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតងនៃសាលាបឋមសិក្សាពូឡា
ជើងឯកសិស្សក្លឹបបៃតងកម្រិតអនុវិទ្យាល័យ៖ ការបំផុសគំនិតតាមរយៈការអប់រំបរិស្ថាន
ជើងឯកវ័យក្មេងទាំងនេះទទួលស្គាល់ពីថាមពលនៃការអប់រំបរិស្ថានក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាន។ ដំណើររបស់ពួកគេពីការសិក្សាក្នុងថ្នាក់រៀន ទៅជាសកម្មភាពបរិស្ថានដោយផ្ទាល់ដៃជាការផ្លាស់ប្តូរមួយចម្បង។
សាវន្តភី រីសា និងពេ ម៉ារីសា ជាសិស្សថ្នាក់ទី៩(ក) នៃអនុវិទ្យាល័យស្រែព្រះបានរៀនសូត្របន្ថែមពីបញ្ហាប្រឈមនៃបរិស្ថាន និងការគ្រប់គ្រងកាកសំណល់។ ដោយមានការណែនាំពីគ្រូរបស់ពួកគេ និងការស្រាវជ្រាវដោយខ្លួនឯង ពួកគេបានលើកតម្កើងជំនាញស្រាវជ្រាវ និងការធ្វើបទបង្ហាញរបស់ពួកគេអំពីសារៈសំខាន់នៃបរិស្ថាន ដោយក្លាយជាអ្នកដឹកនាំវ័យក្មេងដែលមានទំនុកចិត្ត។
“ការយកចិត្តទុកដាក់របស់ខ្ញុំចំពោះការអប់រំបរិស្ថានគឺ បានបង្ហាញឱ្យឃើញពីភាពខ្នះខ្នែងក្នុងការចែករំលែកចំណេះដឹងរបស់ខ្ញុំជាមួយមិត្តភ័ក្តិ និងចូលរួមរួមចំណែកដល់គំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពក្នុងសាលា និងសហគមន៍របស់ខ្ញុំ”
សកម្មភាពប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតងនៃអនុវិទ្យាល័យស្រែព្រះ
ចំណែកសិស្សអនុវិទ្យាល័យស្រែឈូកបួនក្រុមដែលបានចូលរួមក្នុងក្លឹបបៃតងអស់រយៈពេល២ឆ្នាំមកហើយ ពួកគេបានចែករំលែកដោយភាពរីករាយថាពួកគេសប្បាយចិត្តនឹងការត្រលប់មកក្លឹបបៃតងវិញ។
នៅក្នុងឆ្នាំទី២របស់ពួកគេ ពួកគេទទួលបានបទពិសោធន៍ថ្មីៗដូចជា សិក្ខាសាលាគំនិតច្នៃប្រឌិតថ្មី និងការប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតង។ ពួកគេបានពន្យល់ថា៖
“យើងបានចំណាយពេលជាច្រើនម៉ោងដើម្បីបង្កើតគំនិតច្នៃប្រឌិត ដើម្បីប្រែក្លាយសាលារបស់យើងទៅជាគំរូនៃនិរន្តរភាព”
ពួកគេបានបំពេញសមិទ្ធិផលរបស់ពួកគេដោយមោទនភាព។ ការលើកទឹកចិត្តឬទទួលស្គាល់ពី អាណាព្យាបាល ក៏មានសារៈសំខាន់ដែរក្នុងដំណើររបស់ពួកគេ។ ពួកគេបានចែករំលែកថា៖
«ឪពុកម្តាយរបស់យើងបានលើកទឹកចិត្តយើងឱ្យធ្វើឱ្យអស់ពីសមត្ថភាព»។
សកម្មភាពប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតងនៃអនុវិទ្យាល័យស្រែឈូក
សិស្សទាំងបួនក្រុមនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សាលារៀនរបស់ពួកគេ ដោយទទួលយកតួនាទីជាអ្នកដឹកនាំនៅក្នុងគំនិតផ្តួចផ្តើមផ្សេងៗ។ ចំណង់ចំណូលចិត្តរបស់ពួកគេសម្រាប់ការថែរក្សាបរិស្ថានគឺ បានបង្ហាញឱ្យឃើញតាមរយៈការយកចិត្តទុកដាក់របស់ពួកគេចំពោះមេរៀនក្លឹបបៃតង ការប្រកួតប្រជែងជើងឯកសិស្សក្លឹបបៃតង និងសកម្មភាពក្នុងសាលាដូចជាការគ្រប់គ្រងកាកសំណល់ ការចូលរួមក្នុងសកម្មភាពដាំដើមឈើ និងការបង្កើតសួនច្បារសាលារៀនជាដើម។ ពួកគេក៏បានបង្កើនការយល់ដឹងក្នុងចំណោមមិត្តភ័ក្តិរបស់ពួកគេ បំផុសគំនិតជាមួយមិត្តរួមថ្នាក់របស់ពួកគេឱ្យទទួលយកការអនុវត្តប្រកបដោយនិរន្តរភាព និងក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការបង្កើតអនាគតបៃតងសម្រាប់សាលា និងសហគមន៍របស់ពួកគេ។
ការយកឈ្នះលើបញ្ហាប្រឈម និងការជំរុញលើកទឹកចិត្តអ្នកដទៃ
ខណៈដែលក្រុមជើងឯកសិស្សក្លឹបបៃតងវ័យក្មេងទាំងនេះទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ពួកគេក៏បានជួបប្រទះនឹងបញ្ហាប្រឈមផងដែរ។ ការរក្សាតុល្យភាពនៃការសិក្សាជាមួយសកម្មភាពក្លឹបបៃតង ការទទួលបានការគាំទ្រពីសហគមន៍ និងគៀងគរធនធាន គឺជាឧបសគ្គមួយចំនួនដែលពួកគេធ្លាប់ជួបប្រទះ។ ទោះជាយ៉ាងណាក៏ដោយ ការតាំងចិត្ត និងភាពធន់របស់ពួកគេបានធ្វើឱ្យពួកគេអាចយកឈ្នះលើឧបសគ្គទាំងនេះ និងបន្តការងាររបស់ពួកគេ។
ក្រុមជើងឯកសិស្សក្លឹបបៃតងវ័យក្មេងទាំងនេះមិនត្រឹមតែធ្វើឱ្យមានភាពខុសប្លែកគ្នានៅក្នុងសាលារៀនរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យគ្រួសារ និងសហគមន៍របស់ពួកគេទទួលយកការអនុវត្តដែលមិនប៉ះពាល់ដល់បរិស្ថានថែមទៀត។
ដំណើររបស់ក្រុមជើងឯកសិស្សក្លឹបបៃតងវ័យក្មេងទាំងនេះ គឺជាសក្ខីភាពនៃថាមពលនៃការអប់រំបរិស្ថាន និងសារៈសំខាន់នៃសកម្មភាពរបស់យុវជនមូលដ្ឋាន។ តាមរយៈការបង្កើនចំណាប់អារម្មណ៍របស់ពួកគេ និងផ្តល់ឱ្យនូវធនធាន និងការគាំទ្រចាំបាច់ យើងអាចគាំទ្រយុវជនដែលនឹងបង្កើតអនាគតប្រកបដោយចីរភាព សម្រាប់ប្រទេសកម្ពុជា និងពិភពលោក។
សូមរង់ចាំអានអត្ថបទបន្ថែមពីឯកសិស្សក្លឹបបៃតងតាមសាលារៀននីមួយៗនាពេលខាងមុខនេះ!
Comments